បុរសម្នាក់ឈ្លោះជាមួយប្រពន្ឋ លើរថយន្តក្រុងកំពុងបើកបរ ស្រាប់តែស្ទុះទៅទាញបួងចង្កូតរថយន្តបណ្តាលអោយរថយន្តឡើងខឿនផ្លូវប៊ិះក្រឡាប់ អ្នកជិះខឹងនាំគ្នាព្រួតវាយជិតស្លាប់
ខេត្តកំពង់ចាម ៖ អ្នកធ្វើដំណើរជាច្រើននាក់ក្នុងនោះមានពលរដ្ឋខ្មែរ និងបរទេសជិះលើរថយន្តក្រុងមួយគ្រឿងបាននាំគ្នាភ័យស្លន់ស្លោរដោយសារតែមានអ្នកដំណើរម្នាក់ដែលឈ្លោះជាមួយនឹងប្រពន្ធបានស្ទុះរត់ទៅទាញបួងចង្កូតរថយន្តដែលកំពុងបើកបរនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចគីឡូលេខ៧០ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ។ ហើយនៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ អ្នកបង្កនោះត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់វិធានការតាមច្បាប់ហើយ ។
លោកវរសេនីយ៏ឯក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃប្រាប់ឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរម៉ាកហ៊ីយ៉ានដាយ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៣A-១៨៦៣ បើកបរដោយឈ្មោះ ភុំ ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយរណ៏ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៤ កុម្ភៈ បានដឹកអ្នកដំណើរខ្មែរ និងបរទេសពេញរថយន្តចេញពីរាជធានីភ្នំពេញដើម្បីឆ្ពោះមកកាន់ទឹកដីអង្គរខេត្តសៀមរាប ។
អធិការនគរបាលស្រុកជើងព្រៃប្រាប់បន្តថា ស្របពេលវេលាម៉ោង៩នឹង៣០នាទីព្រឹកមកដល់ត្រង់ចំណុចភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ នោះស្រាប់តែអ្នកដំណើរម្នាក់ឈ្មោះ សំ សុជាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គជុំ ខេត្តសៀមរាប ដែលបានបង្កជម្លោះជាមួយនឹងប្រពន្ធឈ្មោះ តឹប នីន អាយុ២៩ឆ្នាំ បន្ទាប់មកបុរសជាប្តីនោះបានខឹងនឹងប្រពន្ធពេកបែរជាស្ទុះទៅចាប់ទាញចង្កូតរថយន្តក្រុងដែលកំពុងបើកបរតាមផ្លូវដែលជាហេតុធ្វើឲ្យរថយន្តវេរចុះឡើងៗ និងបានឡើងលើសួនច្បារដាំលំអរផ្លូវ ។ ក្នុងពេលនោះអ្នកដំណើរលើរថយន្តក្រុងមានបរទេស និងខ្មែរនាំគ្នាភ័យទាំងព្រលឹងនៅចុងសក់ដោយហេតុតែខឹងពេកអ្នកធ្វើដំណើរនាំគ្នាវាយដំលើរាងកាយជនបង្កដែលបំរុងឲ្យមនុស្សមួយរថយន្តត្រូវរងគ្រោះថ្នាក់ទាំងអស់គ្នា និងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃសួរនាំចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ហើយតាមតាមរយៈការធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនផងដែរ ។
លោកឧត្តមសេនីយ៏ត្រី សោម រស់ ស្នងការនគរបាលទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឲ្យដឹងដែរថា តាមគោលការណ៏ជនបង្កខាងលើនោះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តអាចដាក់ពន្ធនាគារខេត្តដើម្បីឲ្យរាងចាលកុំឲ្យថ្ងៃក្រោយធ្វើសកម្មភាពបែបនេះបន្តទៀត ។
No comments:
Post a Comment