ក្រុមហ៊ុន Apple ប្រកាសប្រាក់ចំណេញកប់ក្តោង
កាលពីថ្ងៃព្រហស្បតិ៍ ទី១ កុម្ភៈ ក្រុមហ៊ុន Apple បានរាយការណ៍ប្រាក់ចំណេញចំនួន ២០ ពាន់លានដុល្លារក្នុងត្រីមាសឯតទគ្គកម្មមួយ ហើយបានឱ្យដឹងទៀតថា ការលក់ទូរស័ព្ទស្មាតហ្វូន iPhone X ថ្មីរបស់ខ្លួនគឺប្រសើរជាងការរំពឹងទុក។
យោងតាមក្រុមហ៊ុនបច្ចេកវិជ្ជាយក្សដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះបានឱ្យដឹងថា ចំណូលនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុនបានកើនឡើង ១៣ ភាគរយ គឺស្មើនឹង ៨៨,៣ ពាន់លានដុល្លារ។
លោក ធីម ឃុគ នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយថា “យើងពិតជារំភើបក្នុងការរាយការណ៍អំពីត្រីមាសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Apple ជាមួយនឹងកំណើនដ៏ទូលំទូលាយ ដែលរួមបញ្ចូលទាំងប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មានពីផលិតផល iPhone ថ្មី”។
លោកបន្តថា “ទូរស័ព្ទ iPhone X គឺធ្វើបានល្អលើសពីការរំពឹងទុករបស់យើង ហើយជាទូរស័ព្ទដែលលក់ដាច់បំផុតរបស់យើងរៀងរាល់សប្តាហ៍ ចាប់តាំងពីវាបាននាំចេញកាលពីខែវិច្ឆិកា”។
ទោះយ៉ាងណា ក្រុមហ៊ុន Apple បានរាយការណ៍ថា ការលក់ទូរស័ព្ទ iPhone សរុបទាំងអស់នៅក្នុងត្រីមាសទី៤ មានចំនួន ៧៧,៣ លានគ្រឿង គឺតិចជាងកាលពីឆ្នាំមុន ១ លានគ្រឿង។ ប៉ុន្តែប្រាក់ចំណូលរបស់ iPhone បានកើនឡើង ១៣ ភាគរយធៀបនឹងឆ្នាំមុន ដោយបង្ហាញថា ទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួនកំពុងទទួលបានការទាក់ទាញ។
ប្រាក់ចំណេញនេះបានកើតឡើងចំពេលមានការព្រួយបារម្ភជុំវិញតម្រូវការទូរស័ព្ទ iPhone X ថ្មីនិងថ្លៃបំផុតរបស់ខ្លួន ដែលជាទូរស័ព្ទសម្រាប់ខួបលើកទី ១០ នៃស្មាតហ្វូនដ៏ល្បីល្បាញនេះ។
ក្រុមហ៊ុន Apple ក៏បានព្យាករណ៍ដែរថា ប្រាក់ចំណូលនៅក្នុងត្រីមាសថ្មីៗនេះនឹងមានចន្លោះពី ៦០ ពាន់លានដុល្លារទៅ ៦២ ពាន់លានដុល្លារនៅក្នុងការព្យាករណ៍មួយ ដែលតិចជាងអ្នកវិភាគរំពឹងទុក៕
No comments:
Post a Comment