ប្តីចិត្តឃោឃៅធ្វើទារុណកម្មប្រពន្ធរហូតស្លាប់
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន បន្ទាប់ពីវាយធ្វើទារុណកម្មទៅលើភរិយារបស់ខ្លួនរហូតដល់ស្លាប់ ។
លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្តបានឲ្យដឹងថា ជនដៃដល់ដែលវាយសម្លាប់ប្រពន្ធនោះឈ្មោះ ហ៊ឺ ញ៉ាញ់ អាយុ៥៨ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្នចំណុចកើតហេតុខាងលើ មុខរបរកម្មករ ។ លោកថា ជននេះបានយកកាំបិតខ្វែវដងឬស្សីវាយទៅលើប្រពន្ធឈ្មោះ ជ្រុន ហ៊ន អាយុ៤២ឆ្នាំ និងធ្វើទារុណកម្មយ៉ាងឃោឃៅ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះមិនបានទៅមន្ទីរពេទ្យទេនៅដេកសម្ងំលើផ្ទះ ។ ប៉ុន្តែដោយសារបួសធ្ងន់ធ្ងរពេកលុះនៅម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ទើបជនរងគ្រោះស្លាប់នៅលើផ្ទះតែម្ដង ។
លោក ជេត វណ្ណនី បានបញ្ជាក់ថា បន្ទាប់ពីទទូលបានសេចក្ដីរាយការណ៏ទើបលោកស្នងការខេត្តបញ្ជាឲ្យកម្លាំងអធិការស្រុកសំពៅលូនចុះអន្តរាគមន៏ឃាត់ខ្លួនជនដៃដល់ដែលជាប្ដីនោះតែម្ដង ។ គេមិនទាន់ដឹងអំពីមូលហេតុដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារដ៏ធ្ងន់ធ្ងរបែបនេះនៅឡើយទេ សូម្បីអ្នកភូមិក៏មិនបានដឹងដែរ ។
អ្នកភូមិបាននិយាយថា ពេលដែលត្រូវប្ដីវាយធ្វើទារុណកម្ម ឬក្រោយពេលកើតហេតុស្ត្រីរងគ្រោះមិនបានស្រែកឲ្យគេជួយទេ លុះនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ពេលដែលស្ត្រីរងគ្រោះដេកស្លាប់នៅលើផ្ទះទើបមានគេដឹង និងភ្ញាក់ផ្អើលតែម្ដង ។
បើតាមរបាយការណ៏របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្ដីបានប្រើដងកាំបិតខ្វែវវាយទៅលើប្រពន្ធរួចអូសឡើងលើផ្ទះដែលបណ្ដាលឲ្យប្រពន្ធធ្លាក់របួសកាន់តែធ្ងន់ថែមទៀត ។ ប្រពន្ធបានសម្ងំដេកនៅលើផ្ទះដោយមិនបានទៅពេទ្យទេ រីឯបុរសជាប្ដីវិញក៏មិនរវល់នឹងប្រពន្ធដែររហូតប្រពន្ធដាច់ខ្យល់ស្លាប់កណ្ដាលយប់តែម្ដង ។
លោកស្នងការរងខេត្តបានបញ្ជាក់ដែរថា ជនដៃដល់មិនបានរត់គេចខ្លួនទេ បើទោះជាដឹងថា ប្រពន្ធរបស់ខ្លួនស្លាប់ក្ដី ។ ជននេះបានអង្គុយចាប់ដៃសពប្រពន្ធពេលសមត្ថកិច្ចចុះទៅដល់ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្ដង ។ ពេលនេះមន្ត្រីជំនាញកំពុងសួរនាំដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការហើយ។
No comments:
Post a Comment