ខឹងប្អូនប្រាប់កុំឲ្យផឹកស្រាច្រើនពេក ទាញស្នរមុខពីរចាក់ប្អូនជង់ជាប់លើផ្ទៃមុខរងរបួសធ្ងន់
កណ្តាល៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២២:៣០នាទី នៅចំណុចផ្ទះ ជនរងគ្រោះ ស្ថិតក្នុងភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។
ជនសង្ស័យម្នាក់ដែល ជាមនុស្សញៀនស្រា តែងតែផឹកជាប្រចាំ ស្រវឹងស្រែកឡូឡារំខាន ដល់អ្នកជិតខាង ដោយឃើញសភាពបែប នេះទើបជនរងគ្រោះណែនាំថា សូមអោយឈប់ផឹក និងស្រែកឡូឡា រំខានដល់អ្នកជិត ខាងទៀតទៅ បើមិនឈប់ផឹកស្រាទេ មិនអនុញ្ញតិអោយស្នាក់នៅផ្ទះគាត់ទៀតទេ ជនសង្ស័យមិនពេញចិត្តនឹងពាក្យ ណែនាំនេះទេ ស្ទុះទៅទាញស្នរមុខ ពីរចាក់លើជនរងគ្រោះជាប់ ផ្លែស្នរនៅនឹងមុខ រងរបួសជនរងគ្រោះ រួចបញ្ជូនទៅសង្គ្រាះ នៅមន្ទីរពេទ្យ ។
តាមប្រភពនគរបាលបានអោយដឹងថា ៖ជនរងគ្រោះឈ្មោះ អ៊ុយ សំណាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំង លិច ឃុំលើក ដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរនេសាទ (រងរបួសធ្ងន់) ។ ចំណែកជនសង្ស័យឈ្មោះ អ៊ុយ រ៉េន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
នគរបាលបន្តទៀតថា ជនសង្ស័យ ខាងលើជាមនុស្សញៀនស្រាផឹកស្រា ស្រវឹងស្ទើរតែរាល់ថ្ងៃ ហើយពេលស្រ វឹងស្រាម្តងៗស្រែកឡូឡាមិនចេះ កោតក្រែងខ្លាចចិត្តអ្នកដ៏ទៃដែលរស់ភូមិផងរបងជាមួយគ្នានោះទេ។ ហើយជនសង្ស័យនិងជនរងគ្រោះគឺជាបងប្អូនបង្កើតនឹងគ្នា លុះនៅមុនពេលកើតហេតុខាងលើ ប្រមាណជា១០ថ្ងៃមកហើយ ដែលជនសង្ស័យ បានមកលេងផ្ទះ ជនរងគ្រោះ អ៊ុយ សំណាន ទិញស្រា ផឹកស្រវឹង ស្រែកឡូឡា រំខានបងប្អូន និងអ្នកជិតខាងគ្មាន បានដេកពួននោះទេ ។
ពេលនោះជនរងគ្រោះជាប្អូន បាននិយាយណែនាំ អោយឈប់ផឹក និងកុំស្រែកឡូឡារំខានគេឯងទៀត បើពុំដូច្នោះទេ ខ្លួននិងមិនអោយស្នាក់នៅលេងផ្ទះ បន្តទៀតទេគឺនិងដេញអោយត្រលប់ ទៅវិញហើយ ស្រាប់តែពេលនោះជន សង្ស័យជាបងបានប្រកាន់ខឹងរួច បានស្ទុះទៅយកផ្លែដែក (ស្នរមុខពីរ) ដែលសៀតជាប់ជញ្ជាំងផ្ទះរបស់ជន រងគ្រោះ មកចាក់ទៅលើជនរងគ្រោះ ជាប្អូនត្រូវចំផ្ទៃមុខខាងឆ្វេងបណ្ដាល អោយជាប់ផ្លែស្នរនៅនិងមុខ រួចហើយជនសង្ស័យ បានដើរចុះដើរឡើង ស្រែកឡូឡាពេញភូមិ ។
ពេលទទួលព័ត៌មាននេះភ្លាមនគរបាល ប៉ុស្ដិ៍លើកដែក ហើយកម្លាំងប៉ុស្ដិ៍បានចុះ ស្រាវជ្រាវដល់កន្លែង កើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យបាន ភ្លាមៗបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំតែម្ដង ។ ចំណែកជនរងគ្រោះត្រូវបានក្រុម គ្រួសារ នាំយកមកសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យបង្អែក ស្រុកកោះធំ ទាំងមានផ្លែស្នរជាប់និងមុខ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី ឯជនរងគ្រោះត្រូវក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ៕
No comments:
Post a Comment