សញ្ញា៥យ៉ាងបង្ហាញថា អ្នកគួរកាត់បន្ថយជាតិស្ករជាបន្ទាន់
ស្ករនរណាក៏ចូលចិត្តដែរ។ នៅពេលដែលអ្នកដាក់ស្ករឬភេសជ្ជៈ ដែលមានជាតិផ្អែមខ្លាំង ចូលក្នុងមាត់អ្នកទទួលបានរសជាតិផ្អែមឆ្ងាញ់ខ្លាំងណាស់។ ប៉ុន្តែអ្នកត្រូវតែនៅឲ្យឆ្ងាយពីជាតិស្ករ ទោះបីវាឆ្ងាញ់សម្រាប់អ្នកយ៉ាងណាក៏ដោយ ព្រោះប្រសិនបើញ៉ាំស្ករច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់សុខភាព។ សញ្ញា៥យ៉ាងខាងក្រោមនេះ បង្ហាញថា អ្នកគួរកាត់បន្ថយជាតិស្ករជាបន្ទាន់!
ឈឺជំងឺផ្តាសាយនិងគ្រុនក្តៅញឹកញាប់ ៖ ស្ករធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូច្នេះធ្វើឲ្យងាយនឹងផ្តាសាយ និងគ្រុនក្តៅជាដើម។ ដូច្នេះ ការកាត់បន្ថយការទទួលទានជាតិស្ករ ក៏ជួយកាត់បន្ថយនូវហានិភ័យ នៃការវិវត្តទៅជាជំងឺមួយចំនួនផងដែរ។
មានចំណង់ស្ករខ្លាំង ៖ បើសង្កេតឃើញថា ខ្លួនឯងមានចំណង់ជាតិស្ករខ្លាំង មានន័យថា អ្នកញៀនជាតិស្ករហើយ។
ឡើងទម្ងន់ ៖ ដោយសារស្ករមិនមានជាតិសរសៃ និងប្រូតេអ៊ីន វាមិនអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតពេញមួយថ្ងៃបានទេ។ ញ៉ាំស្ករកាន់តែច្រើន កាឡូរីក៏កើនឡើងកាន់តែច្រើនដែរ។
ភ្នែកមានពណ៌ខ្មៅនិងមានបញ្ហាស្បែក ៖ ញ៉ាំស្ករច្រើននឹងធ្វើឲ្យកើតមុន និងបញ្ហាស្បែកជាច្រើនផ្សេងទៀត។ ផ្ទុយទៅវិញ ស្បែករបស់អ្នកនឹងស្អាតហើយទន់ ប្រសិនបើអ្នកកាត់បន្ថយការញ៉ាំជាតិស្ករ។
កង្វះថាមពលនិងអស់កម្លាំង ៖ នៅពេលអ្នកអស់កម្លាំង អ្នកគិតថា ញ៉ាំជាតិស្ករចូល នឹងជំរុញឲ្យអ្នកមានថាមពលភ្លាមៗ។ ជាការពិត វាអាចជំរុញថាមពលភ្លាមៗមែន ប៉ុន្តែវាធ្វើឲ្យអ្នកមានកម្លាំងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ថាមពលទាំងនោះ ត្រូវរលាយបាត់មួយរំពេច ហើយអ្នកក៏មានអារម្មណ៍ថា អស់ថាមពលនិងអស់កម្លាំង រយៈពេលស្ទើរពេញមួយថ្ងៃ៕
No comments:
Post a Comment