Yllix Ads

ម៉ូតូ២គ្រឿង ព្រលះគ្នា ស្លាប់ម្នាក់ បាក់ភ្លៅ២នាក់ ដេករដូករណែលពេញផ្លូវ

បាត់ដំបង៖ បុរសម្នាក់មានសភាពស្រវឹងស្រាជោកជាំ ជិះម៉ូតូហុងដាឌ្រីម១គ្រឿង ទៅបុកម៉ូតូហុងដាវ៉េវទាំងកម្រោល បណ្តាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតរបួសធ្ងន់ធ្ងរ នៅវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅកែងភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក។
មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N-9295 បើកដោយឈ្មោះ សម្បតិ្ត បូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បើកបរក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនក្នុងស្ថានភាពស្រវឹងជោកជាំ។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាវេវ សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ឡុង នុត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក និងមានអ្នករួមដំណើរម្នាក់ឈ្មោះ សឿត កក្កដា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូហុងដាឌ្រីមស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកភាគីម៉ូតូវ៉េវ ម្នាក់បាក់ដៃ និងបាក់ភ្លៅ និងម្នាក់ទៀតបាក់កំភួនជើងខាងស្តាំដេករដូករណែលពេញផ្លូវតែម្តង។
បន្តិចក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ នឹងហៅរថយន្តសង្គ្រោះដឹកអ្នករបួសទាំង២នាក់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ ចំណែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។




No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.